រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ស្ថានភាពទូទៅ

  • 7.5ពាន់
  • ដោយ Admin

ខេត្តកំពង់ស្ពឺជា​ខេត្ត​មួយ​ក្នុងចំណោម ២៥ រាជធានី ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ ខាងលិច​រាជធានី​ភ្នំពេញ ដែលឆ្លងកាត់ដោយផ្លូវជាតិលេខ៤។ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តកណ្តាល និង​ខេត្ត​តាកែវ ខាងត្បូង ជាប់​នឹង​ខេត្តតាកែវ និង​ខេត្តកំពត ខាងលិច​ជាប់​នឹង​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង ខាងជើងជាប់​នឹងខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិសាត់។

            យោងតាមលក្ខណៈភូមិសាស្ដ្រ ខេត្ដកំពង់ស្ពឺចែកចេញជាស្រុក៧ និងក្រុង១  រួមមាន ៨២ឃុំ និង៥សង្កាត់ ដែលមានចំនួន១.៣៧៧ភូមិ ក្នុងនោះភូមិមានក្របខ័ណ្ឌ១.៣៧០ និងភូមិគ្មានក្របខ័ណ្ឌចំនួន ០៧ភូមិ និងមានគ្រួសារសរុបចំនួន ២០៣.៣៩៤គ្រួសារ ហើយប្រជាពលរដ្ឋសរុប ៨៩៩.០១៤នាក់ ក្នុងនោះស្រីចំនួន ៤៥៨.៤២៩នាក់។ ដង់ស៊ីតេប្រជាពលរដ្ឋ ១២៨នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ និងមានចំនួនសមាជិកគ្រួសារជាមធ្យម៤,៤២នាក់។ ប្រជាពលរដ្ឋមានកំណើនមធ្យមចំនួន១,៧០% ក្នុងឆ្នាំ២០២០។ ខេត្ដមានផ្ទៃដីស្រែចំនួន ១១៨.០២៩,៩៣ហិកតា ផ្ទៃដីចម្ការចំនួន ៣.០៨៤,៣០ហិកតា សម្រាប់ប្រកបរបរកសិកម្ម។ ក្រៅពីនេះមានផ្ទៃដីព្រៃភ្នំ និងដីសំណង់ធារាសាស្រ្តចំនួន ៥២២.៦៧៩ហិកតា អត្រាប្រជាពលរដ្ឋមានមុខរបរកសិកម្មជាចម្បងមានចំនួន  ៥៦,០%។

ផ្ទៃដីរបស់ខេត្តប៉ែកខាងលិចគ្របដណ្តប់ដោយជួរភ្នំក្រវ៉ាញ ដែលជាហេតុធ្វើឱ្យខេត្តខ្សត់ទឹកភ្លៀង ដោយសារខ្យល់ និងកម្ពស់ជួរភ្នំក្រវ៉ាញ ដែលបាននាំទឹកភ្លៀងអស់មួយចំនួនធំធ្លាក់ទៅតំបន់ផ្សេងៗ។ ប៉ុន្តែខេត្តអាចជៀសវាងបានយ៉ាងងាយពីការប៉ះទង្គិចដោយខ្យល់ព្យុះ។ ភាគខាងជើងគ្របដណ្តប់ដោយតំបន់ទំនាបសម្បូរទៅដោយដីមានជីជាតិ ដែលបង្កលក្ខណៈងាយស្រួលដល់ការងារបង្កបង្កើនផលកសិកម្ម ពិសេសដំណាំស្រូវ និងដំណាំចម្រុះផ្សេងៗទៀត។ ម្យ៉ាងទៀត ស្ទឹងព្រែកត្នោតជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ស្ពឺ បាននាំនូវប្រភពទឹកមកស្រោចស្រពដីទំនាបទាំងឡាយ ដែលកត្តាទាំងនេះហើយនាំឱ្យចំនួនប្រជាកសិករមានរហូតដល់ ៥៦,០%ប្រកបមុខរបរកសិកម្ម។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ផ្ទៃដីខេត្តទាំងមូលទទួលបាននូវកម្រិតទឹកភ្លៀងតិចជាងបណ្តាខេត្តផ្សេងៗទៀត និងដោយសារខ្វះខាតប្រភពទឹកមេ និងប្រព័ន្ធប្រឡាយចែកចាយខ្នាតតូចសម្រាប់ធ្វើការស្រោចស្រព។

១. សក្តានុពលរបស់ខេត្តកំពង់ស្ពឹ

            ការវិនិយោគវិស័យឯកជនក្នុងខេត្ត សព្វថ្ងៃមានក្រុមហ៊ុនវិនិយោគលើ     វិស័យកសិ-ឧស្សាហកម្ម ទទួលបានសិទ្ធវិនិយោគលើដីសម្បទានសេដ្ឋកិច្ចចំនួន ២0ក្រុមហ៊ុន ដែលមានផែនការវិនិយោគលើផ្ទៃដីចំនួន៨,៣៣៩,៦៩ហ.ត ប្រើប្រាស់កម្លាំងពលកម្មតាមរដូវប្រមាណជាង២ម៉ឺននាក់។  បច្ចុប្បន្នមានក្រុមហ៊ុនបានដំណើរការដាំដុះលើផ្ទៃដីចំនួន ៤៨.៩០៥,៧៣ហ.ត  ស្មើនឹង ៥៥,៩៩%  នៃផែនការដាំដុះ សរុបរួមមានដំណាំអំពៅចំនួន ៣៦.៤២១,៣២ហ.ត ស្វាយកែវរមៀតចំនួន ៧.៩១៩ហ.ត ដំឡូងមីចំនួន ៥.៧៦៦,៨០ហត កៅស៊ូចំនួន ២៤១ហ.ត ឈើម៉ៃសាក់​ចំនួន ៤.៧៣២,២៩ហ.ត ឈើអាកាស្សាចំនួន ២១៣,១៨ហ.ត ឈើប្រេងខ្យល់ចំនួន ៣៤១,៧ហ.ត ស្វាយចន្ទីចំនួន ១២៩,៩៣ហ.ត ម្រុំចំនួន ១២,៥០ហ.ត និងស្មៅចំណីសត្វចំនួន ៩០,៦១ហ.ត ។

            ខេត្តកំពង់ស្ពឺ មានកក្តាស្ថានភាពភូមិសាស្ត្រអំណោយផលល្អ ក្នុងខេត្តមានទំនិញសក្តានុពលមានចំនួន ១០មុខ ដូចជា ស្ករត្នោត ស្ករអំពៅ បន្លែ សាច់មាន់ សាច់ជ្រូក ស្រូវ អង្ករ ស្វាយកែវរមៀត ខ្សាច់សំណង់ និងថ្មសំណង់។ មានក្រុមហ៊ុន សហគ្រាស សាខាក្រុមហ៊ុន សរុបចំនួន ៩៣៩ច្បាប់  ក្នុងនោះ ក្រុមហ៊ុនមាន ៤៧៨ច្បាប់  សាខាក្រុមហ៊ុន ១៥៥ច្បាប់ សហគ្រាសផ្សេងៗ ៣០៦ច្បាប់ សហគ្រាសម៉ាស៊ីនកិនស្រូវ ៥៣ច្បាប់ នៅទូទាំងខេត្ត មានផ្សារចំនួន ២០កន្លែង និងផ្សារសហគមន៍ ៥កន្លែង និងមានសមាគមអាជីវកម្មចំនួន ៣ ។

            ការងារវិនិយោគផ្នែកឧស្សាហកម្ម និងកម្មន្តសាលដែលគិតមកដល់ពេល​នេះមានរោងចក្រធុនធំចំនួន ១៩២រោងចក្រ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១១១.០៨៧នាក់ ស្រី៩០.២៣០នាក់ ក្នុងនោះមានរោងចក្រកំពុងដំណើរការមាន​ចំនួន ១៤៦មូលដ្ឋាន រោងចក្រកំពុងសាងសង់មានចំនួន ៣៣មូលដ្ឋាន រោងចក្រកំពុងផ្អាកដំណើរការមានចំនួន ១៣មូលដ្ឋាន។ វិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម សរុបមានចំនួន ១.៦៦១មូលដ្ឋាន  ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១២.១២១នាក់ ស្រី ៤.៨៥១នាក់ ។

១.ស្ថានភាព និងសក្តានុពលរបស់ក្រុង និងស្រុក

  ១.១  ក្រុងច្បារមន

            ក្រុងច្បារមនមានសង្កាត់ចំនួន៥គឺសង្កាត់រការធំ សង្កាត់ស្វាយក្រវ៉ាន់ សង្កាត់សុព័រទេព សង្កាត់កណ្តោលដុំ និងសង្កាត់ច្បារមន ។

ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ បានប្រែក្រុងច្បារមនក្លាយជាសក្តានុពលដ៏សំខាន់សម្បូរទៅដោយរោងចក្រ សហគ្រាស មូលដ្ឋានសិប្បកម្ម និងសេវាកម្មជាច្រើនដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងពីបណ្តាខេត្តផ្សេងក្នុងការប្រកបការងារ និងប្រកបរបរផ្សេងៗ។ ជាក់ស្តែងប្រជាពលរដ្ឋខ្លះបានផ្លាស់ប្តូរមុខរបរ ពីការធ្វើស្រែចំការ មកជាអាជីវករ ពាណិជ្ជករ មន្រ្តីរាជការ និងបុគ្គលិកក្នុងវិស័យឯកជន និងមូលដ្ឋានសេវាកម្មផ្សេងៗ។

            បច្ចុប្បន្នក្រុងច្បារមន គឺជាទីប្រជុំជនដ៏ធំរបស់ខេត្តកំពង់ស្ពឺ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងពាណិជ្ជកម្មរបស់ខេត្ត។

១.២  ស្រុកសំរោងទង

            ស្រុកសំរោងទងមានឃុំចំនួន១៥គឺឃុំរលាំងចក ឃុំកាហែង ឃុំក្រាំងអំពិល ឃុំខ្ទុំក្រាំង ឃុំព្នាយ ឃុំរលាំងគ្រើល ឃុំសំរោងទង ឃុំសំបូរ ឃុំសែនដី ឃុំស្គុះ ឃុំតាំងក្រូច ឃុំធម្មតាអរ ឃុំត្រពាំងគង ឃុំទំព័រមាស និងឃុំវល្លិសរ។

ប្រជាជនស្រុកសំរោងទងប្រមាណ ៨០% ជាកសិកររស់ពឹងផ្អែកលើវិស័យកសិកម្មជាចម្បង និងមាន មុខរបរបន្ទាប់បន្សំរួមមានការចិញ្ចឹមសត្វ ឡើងត្នោត កាប់អុស ដុតធ្យូង ដាំបន្លែ ឈើហូបផ្លែ ចញ្ចឹមត្រី ។ល។ ក្នុងនោះចំនួន ៦% ជាមន្ត្រីរាជការ ២% ជាអាជីវករ និង១២% ជាកម្មកររោងចក្រ ។​ក្រៅពីវិស័យកសិកម្មជាស្នូល និងជាចម្បងក៏មានវិស័យផ្សេងៗទៀតដូចជា វិស័យវាយន​ភ័ណ្ឌ ដែលបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និងពីបណ្តាស្រុកនានាផ្សេងៗទៀត ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ និងកំពុងសម្រេចបាននូវការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋា​ភិបាល។

១.៣  ស្រុកបសេដ្ឋ

            ស្រុកបសេដ្ឋមានឃុំចំនួន១៥ គឺឃុំបសេដ្ឋ ឃុំពោធិម្រាល ឃុំនិទាន ឃុំពោធិអង្គ្រង ឃុំទួលអំពិល ឃុំកក់ ឃុំស្វាយរំពារ ឃុំផុង ឃុំស្វាយចចិប ឃុំកាត់ភ្លុក ឃុំភក្តី ឃុំព្រះខែ ឃុំទួលសាលា ឃុំភារីមានជ័យ និងឃុំពោធិចំរើន។

ប្រជាពលរដ្ឋស្ទើរតែ៧០%នៃប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្ម។ ចំណែកសិប្បកម្មតម្បាញជាលក្ខណៈប្រពៃណី ត្រូវបានថយចុះខ្លាំងស្ទើរតែបាត់បង់ (លើកលែងតែសហគមន៍ខ្លះ នៃឃុំបសេដ្ឋ និងឃុំពោធិម្រាលប៉ុណ្ណោះ)។ ក្រៅពីរបរកសិកម្មខាងលើនេះ ប្រជាពលរដ្ឋរបស់ស្រុកក៏បានប្រកបមុខរបរផ្សេងៗទៀតជាមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី តាមអង្គភាព ស្ថាប័ន រោងចក្រ សហគ្រាស និងក្រុមហ៊ុនសំណង់នានាក្នុង និងក្រៅប្រទេសផងដែរ។

            ស្រុកមានដងស្ទឹងស្លាគូរខ័ណ្ឌចែកព្រំប្រទល់ជាប់ស្រុកត្រាំកក់ ខេត្តតាកែវ​ប្រវែងជាង ២០គីឡូម៉ែត្រ ដែលជាសក្តានុពលមហាសាលដល់ការធ្វើអាជីវកម្មខ្សាច់សំណង់ ហើយបានចូលរួមលើកស្ទួយវិស័យ​ការងារ និងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍បានមួយចំណែក និងធនធានធម្មជាតិ(រ៉ែថ្មសំណង់) ស្រុកមានសហគ្រាសកិនថ្មសំណង់ ១០កន្លែង ហើយអំណោយផលដល់      វិស័យអភិវឌ្ឍសំណង់  មុខរបរ និងការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកផងដែរ។

១.៤ ស្រុកគងពិសី

ស្រុកគងពិសី មានឃុំចំនួន១៣ គឺឃុំអង្គពពេល ឃុំជង្រុក ឃុំមហាឬស្សី ឃុំពេជ្រមុនី ឃុំព្រះនិពាន្ត​ ឃុំព្រៃញាតិ ឃុំព្រៃវិហារ ឃុំរការកោះ ឃុំស្តុក ឃុំស្នំក្រពើ ឃុំស្រង់ ឃុំទឹកល្អក់ និងឃុំវាល ។

ស្រុកគងពិសីមានភ្នំស្រង់ចែកចេញជាជួរភ្នំចង្អោរតូច និងចង្អោរធំស្ថិតនៅប៉ែកខាងលិច និងនៅប៉ែកខាងកើតជាដីទំនាប មានបឹង ទំនប់ និងមានប្រព័ន្ធធារាសាស្ត្រ ដែលជាតំបន់អំណោយផលក្នុងវិស័យកសិកម្ម។ មានផ្លូវជាតិ ២ខ្សែឆ្លងកាត់ភូមិសាស្ត្រស្រុក (ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១) មានផ្លូវកៅស៊ូ និងផ្លូវបេតុងជាច្រើនខ្សែ មានតំបន់ទីប្រជុំជន មានផ្សារ មានប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាតប្រើប្រាស់ ព្រមទាំងមានទីតាំងរោងចក្រ សហគ្រាស សិប្បកម្ម ឧស្សាហកម្ម តូច មធ្យម និងធំជាច្រើនកន្លែង ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងស្រុកជាច្រើនម៉ឺននាក់ ប្រកបការងារធ្វើឱ្យជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

១.៥  ស្រុកឱរ៉ាល់

ស្រុកឱរ៉ាល់មានឃុំចំនួន៥គឺ ឃុំហោងសំណំ ឃុំរស្មីសាមគ្គី ឃុំត្រពាំងជោ ឃុំសង្កែសាទប និងឃុំតាសាល ។

ប្រជាពលរដ្ឋជាង ៧៨,៧ % ប្រកបមុខរបរកសិកម្ម ដំណាំស្វាយ ដំណាំអំពៅ គឺជាដំណាំដ៏មានសក្តានុពល បន្ទាប់ពីដំណាំស្រូវ ដែលបានបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈ សិប្បកម្មកែច្នៃ ដំណាប់ស្វាយចំនួន ២កន្លែង និងរោងចក្រផលិតស្ករសរចំនួន ១កន្លែង ដែលទទួលបានប្រាក់ចំណូលសមរម្យ។ ម្យ៉ាងវិញទៀតនៅក្នុងស្រុកឱរ៉ាល់ ធនធានរ៉ែដែលសម្បូរជាងគេ គឺ រ៉ែថ្ម និងរ៉ែខ្សាច់ ដែលជាកត្ដាជំរុញមិនអាចខ្វះបានក្នុងការទ្រទ្រង់ដល់ការងារសាងសង់សំណង់ផ្សេងៗ។ ជាមួយគ្នានេះ ស្រុកឱរ៉ាល់ក៏មានទីតាំងថ្មម៉ាប ចំនួន ២កន្លែង ស្ថិតនៅភ្នំចាស់ក្នុងភូមិមនោរម្យ ឃុំហោងសំណំ និងនៅតំបន់ឆ្អិនក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ដែលត្រូវអ្នកជំនាញវាយតម្លៃថា គឺជាថ្មម៉ាបដែលមានគុណភាពល្អបំផុតជាងគេនៅក្នុងប្រទេសកម្ពុជា។ 

១.៦  ស្រុកឧដុង្គ

បច្ចុប្បន្នដោយសារជាប់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ស្រុកឧដុង្គ មានការរីកចម្រើនខាងវិស័យអចលនទ្រព្យ ដោយមានរោងចក្រនិងសហគ្រាសមួយចំនួនត្រូវផ្លាស់ប្ដូរមកកាន់ទឹកដីស្រុកឧដុង្គជាបន្ដបន្ទាប់។ប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្ម សិប្បកម្ម ឧស្សាហកម្ម និង សេវាកម្ម។ នៅក្នុងស្រុក មានផ្លូវកៅស៊ូឆ្លងកាត់ និងមានផ្សារបីកន្លែង ព្រមទាំងមានរោងចក្រផលិតអង្ករនាំចេញ រោងចក្រនំ រោងចក្រទឹកសុទ្ធ រោងចក្រកែច្នៃដែក រោងចក្រក្ដារបន្ទះ រោងចក្រអគ្គីសនីដើរដោយថាមពលព្រះអាទិត្យ និងរោងចក្រផលិត គុយទាវផងដែរ។

១.៧  ស្រុកភ្នំស្រួច

ស្រុកឧដុង្គ មានឃុំចំនួន១៥គឺ ឃុំចាន់សែន ឃុំជើងរាស់ ឃុំជំពូព្រឹក្ស ឃុំក្សេមក្សាន្ត ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រះស្រៃ ឃុំព្រៃក្រសាំង ឃុំត្រាចទង ឃុំវាលពន់ ឃុំវាំងចាស់ ឃុំយុទ្ធសាមគ្គី ឃុំដំណាក់រាំង ឃុំពាំងល្វា និងឃុំភ្នំតូច។

ស្រុកភ្នំស្រួចមានឃុំចំនួន១៣ គឺឃុំចំបក់ ឃុំជាំសង្កែ ឃុំដំបូករូង ឃុំគីរីវ័ន្ត ឃុំក្រាំងដីវ៉ាយ ឃុំមហាសាំង ឃុំអូរ ឃុំព្រៃរំដួល ឃុំព្រៃក្មេង ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំត្រែងត្រយឹង ។

ប្រជាពលរដ្ឋជាង៨៥% ប្រកបរបរកសិកម្មដាំដំណាំ ហើយដំណាំស្វាយកែវរមៀត គឺជាដំណាំដ៏មានសក្តានុពលបន្ទាប់ពីដំណាំស្រូវ ដែលបានកំពុងបង្កឱកាសបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក តាមរយៈសិប្បកម្មកែច្នៃដំណាប់ស្វាយ និង ផ្លែឈើស្រស់ជាច្រើនកន្លែង ដែលទទួលបានប្រាក់ចំណូលសមរម្យ។ ម្យ៉ាងទៀត នៅក្នុងស្រុកភ្នំស្រួច រ៉ែដែលសំបូរជាងគេគឺរ៉ែថ្ម និងរ៉ែខ្សាច់ ដែលជាកត្ដាជំរុញមិនអាចខ្វះបានក្នុងការគាំទ្រដល់ការងារសាងសង់សំណង់ផ្សេងៗ។ ជាមួយគ្នានេះ ស្រុកភ្នំស្រួច ក៏មានទីតាំងថ្មម៉ាប ស្ថិតនៅភ្នំតាកែន ក្នុងភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ដែលត្រូវអ្នកជំនាញវាយតម្លៃថាគឺជាថ្មម៉ាបដែលមានគុណភាពល្អបំផុត និងមានតម្លៃមិនអាចកាត់ថ្លៃបានផងដែរ។

១.៨  ស្រុកថ្ពង

 ស្រុកថ្ពងមានឃុំចំនួន៥ គឺឃុំអមលាំង ឃុំប្រាំបីមុម ឃុំមនោរម្យ ឃុំរុងរឿង ឃុំវាលពង់ ឃុំទ័ពមាន និងឃុំយាយអង្គ ។

មានប្រជាពលរដ្ឋប្រមាណ ៧៩ %ប្រកបមុខរបរកសិកម្ម។ ប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ៤កន្លែង  ដែលអំណោយផលដល់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរកសិកម្មទាំងរដូវប្រាំង   និងរដូវវស្សាជាពិសេសនៅពេលជួបគ្រោះរាំងស្ងួត។    ក្នុងស្រុកមានរោងចក្រឧស្សាហកម្ម     ផលិតស្ករសមួយកន្លែងរបស់ក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើ ដែលស្រូបបានកំលាំងពលកម្មមួយផ្នែកធំ នៃប្រជាពលរដ្ឋរស់នៅឃុំអមលាំងក៏ដូចជាទូទាំងស្រុក។ នៅក្នុងស្រុកមានតំបន់ទេសចរណ៍ធម្មជាតិ ២កន្លែង ទឹកធ្លាក់តំបន់ជ្រាវ   និងមានតំបន់ព្រៃសហគមន៍ដែលជាជម្រកសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ពិសេសសត្វទន្សោងជាច្រើនក្បាលដែលជាប្រភេទសត្វដ៏កម្រនៅក្នុងប្រទេសកម្ពុជា ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកំសាន្តបានច្រើនជាពិសេសថ្ងៃឈប់សម្រាក។ ស្រុកមានផ្លូវជាតិ២ខ្សែ  ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមក  និងងាយស្រួល ដឹកផលិតផលផ្សេងៗទៅកាន់ទីផ្សារ។  ម្យ៉ាងវិញទៀតបានផ្តល់ភាពងាយស្រួលដល់កម្មករ  កម្មការិនីរោងចក្រ ក្នុងការធ្វើដំណើរទៅបំរើការងារនៅរោងចក្រ សហគ្រាសនៅតាមបណ្តាស្រុកនិងខេត្តផ្សេងៗ បានលឿន និងមានសុវត្ថិភាព។  មួយផ្នែកទៀតប្រជាពលរដ្ឋដែលរស់នៅជាប់នឹងផ្លូវជាតិមានឱកាសរកចំណូលបានពីការប្រកបមុខរបរអាជីវកម្មផ្សេងៗ ដូចជា លក់គ្រឿងសំណង់ ជួសជុលម៉ូតូរថយន្ត គ្រឿងឧបភោគ

២. តំបន់ទាក់ទាញនៅក្នុងខេត្តកំពង់ស្ពឺ

  • សារមន្ទីរនរៈបូរី សារមន្ទីរ​នេះ​ស្ថិត​នៅ​តាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិ​​ចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ជា​លក្ខណៈគ្រួសារ​មួយ​ក្នុង​បំណង​ទុក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់គេផង ហើយ​និង​ជា​ការ​ចូលរួមចំណែក​រក្សាទុក​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​គង់វង្ស​ផង​ដែរ។ សារមន្ទីរនរៈបូរី​មាន​​​វត្ថុ​បុរាណ​តាំង​ពី​សម័យបុរេប្រវត្តិ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ហើយ​វត្ថុ​ទាំង​នោះ​ភាគ​ច្រើន​ជា​រូបបដិមា ធ្វើ​ពី​ឈើ ពី​ថ្ម​ និង កុលាភាជន៍​ដែលសរុប​ទាំង​អស់​មាន​រាប់ពាន់​វត្ថុបុរាណ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធបដិមា រូបចម្លាក់ព្រះបាទជយវរ្ម័នទី៧ រូប​ឆ្មាំប្រាសាទ រូបនាងចេកនាងចម៘ ហើយ​និង វត្ថុ​ប្រើប្រាស់​ពី​ជំនាន់​បុរាណ​រួម​មាន​ឆ្នាំងស្ពាន់ កុលាភាជន៍ ឬ ចាន ឆ្នាំង​ធ្វើ​ពីដីឥដ្ឋ ក្រឡ ពួច ជាដើម។ ក្រៅ​ពី​នេះ​ទៀត​មាន​ក្បាច់ចម្លាក់ តុ ទូ កៅអី ដែល​ធ្វើ​ពី​ឈើ​ពី​គល់​ឈើ​ធំៗ​មាន​អាយុកាល ជា​ច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ។ វត្ថុ​ទាំង​ប៉ុន្មាន​នេះ មុន​នឹង​បាន​យក​មក​ដាក់​តាំង​នៅ​ក្នុងសារមន្ទីរនេះ ត្រូវ​បាន​ម្ចាស់​ប្រមែ​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​នៅតាម ខេត្ត​ផ្សេងៗ​តាំង​ពី​ក្រោយ​ប្រទេស​ជាតិ​បាន​រំដោះ​ពី​របបខ្មែរក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ។
  • អំពែភ្នំ ៖ អំពែភ្នំជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិតាំងទនេ្ល និង​ភូមិអំពែភ្នំ ឃុំសុពណ៌ទេព និង ឃុំស្វាយក្រវាន់ ក្រុងច្បារមន មានចម្ងាយ ៤៨ គ.ម. ពីភ្នំពេញ រួច​បត់​ឆ្វេង ២ គ.ម. និង​ដល់​រមណីយដ្ឋាន​នេះ។ តំបន់​នេះ​មាន​ទេសភាព​នៃ​ទឹក​ស្ទឹង​ឆ្លងកាត់ រួម​ផ្សំ​ដើម​ឈើ​តូច​ធំ​ដុះ​ប្រជ្រៀត​គ្នា​តាម​ដង​ស្ទឹង​បង្កើត​បាន​ជា​ទេសភាព​គួរ​ឧ្យ​ចង់​គយគន់​ក្រៃលែង។​ នៅ​ជើង​ភ្នំ​អំពែភ្នំ​មាន​​ស្ពាន​យោល​មួយ​ឆ្លង​កាត់​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដើម្បី​តភ្ជាប់ ភូមិតាំងទន្លេ របស់ ​ឃុំសុពណ៌ទេព​ទៅ​ភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅ​រដូវប្រាំង​បើ​យើង​ឈរ​ពី​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ក្នុង​បាត​ស្ទឹង​នោះ​យើង​នឹង​បាន​ឃើញ​ទឹក​ស្ទឹង​ហូ​ររឹមៗ​គេច ផ្ទាំងថ្ម និង​ពំ​នូក​ខ្សាច់​ដោយ​មាន​ហ្វូង​ចង្វា​តូចៗ​ហែល​ប្រដេញ​គ្នា​ឆ្វាត់​ឆ្វែង និង​ជា​យូរ​ៗ​ម្តង​គេ​សង្កេត​ឃើញ​មាន​ហ្វូង​សត្វ​ស្វា​នាំ​គ្នា​ចុះងូត​ទឹក​បាត​ស្ទឹង យ៉ាង​សប្បាយ​​រីករាយ។ ឯ​នៅ​រដូវ​វស្សា​វិញ​បើ​យើង​ឈរ​នៅ​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ស្ទឹង​វិញ​នោះ​យើង​នឹង​បាន​ឃើញ​ខ្សែ​ទឹក​ហូរ​យ៉ាង​ខ្មួល​ខ្មាញ​បែក​ពពុះ​គួរ​ឱ្យ​ព្រឺខ្លាច​ក្រៃលែង ដែល​អ្នកទេសចរណ៍​មួយ​ចំនួន​ឈរ​លើ​ស្ពាន​សឹង​មិន​សំឡឹង​ចុះ​ទឹក​ឡើយ។ នៅ​ត្រើយ​ខាង​ត្បូង​ស្ទឹង យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​ចាស់បុរាណ​មួយនៅ​លើ​កូន​ភ្នំ ដែល​ជា​ទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ ទៅធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ។ នៅ​តំបន់​អំពែភ្នំ​គេ​អាច​ទៅងូតទឹក ឆ្លង​ស្ពាន​យោល និង អង្គុយ​លេង​កម្សាន្ត​តាម​តូប​នានា​សម្រាក​តាម​មាត់​ស្ទឹង​ដើម្បី​លំហែ​អារម្មណ៍ ហើយ​នៅ​តាម​តូប​នីមួយៗ​គេអាចកំម៉្មង់​ម្ហូប​សាច់​សត្វព្រៃ​បាន​តាម​ចិត្ត​ប្រាថ្នា នេះ​សបញ្ជាក់​ថា​ការ​លួច​បរបាញ់​សត្វ​ព្រៃ​នៅ​តែ​មាន។
  • ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ៖ គីរីរម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ តំបន់​នេះ​មាន​លក្ខណៈពិសេស​សម្រាប់​ភ្ញៀវទេសចរណ៍ ដូច​ជា​ព្រៃដើម​ស្រល់​យ៉ាង​ក្រាស់​មាន​ម្លប់​ជា​ទីមនោរម្យ ព្រម​ទាំង​មាន​ខ្យល់​អាកាស​ដ៏​បរិសុទ្ឋ​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ក្រៃលែង ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួច​មានចម្ងាយ ​១១៧ គ.ម. ​ពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ៤ លើ​កំពូលភ្នំកំពស់ ៧០០ ម។
  • រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំគីរីរម្យ ទី​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​កែ​ច្នៃ​ឱ្យមាន​ភាព​រស់​រវើក​ល្អ​ស្អាត​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរណ៍។ ទី​នោះ​មាន​សណ្ឋាគារ កន្លែង​ក្មេង​លេង សួន​​រូបចម្លាក់​ដាយ​ណូស័រ ទីលាន​លេង​កីឡា និង​កន្លែង​ងូត​ទឹក​ជាដើម។
  • ចំបក់ ៖ ចំបក់​ជារមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ ហើយ​កំពង់​ពេញ​និយម​ពី​សំណាក់​ភ្ញៀវទេសចរណ៍​ជាតិ ​និង​បរទេស ទី​នោះ​មាន​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាលមាន​មាន​ដង​អូរ​ដ៏​វែង​អន្លាយ​ទឹក​ហូរ​បត់​បែន​កាត់​ផ្ទាំង​ថ្ម​ដោយ​មាន​ម្លប់​ឈើ​ពិសេស​ម្លប់ឫស្សី​នៅ​អម​សង​ខាង​ផ្លូវ​ធ្វើ​ដំណើរ​គួរ​ឱ្យ​ត្រជាក់​ចិត្ត​ចាប់​អារម្មណ៍​ក្រៃលែង។​​​​​​​​​​​​​​​ ចំបក់​មាន​ចម្ងាយ​ជាង​ ១ គ.ម. ខាង​ជើង​គីរីរម្យស្ថិត​នៅ​ក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច។ អ្នកធ្វើ​ដំណើរ​ចេញ​ពីទីស្នាក់​ការទេសចរ​ណ៍សហគមន៍ ​ប្រមាណ​ ៤ គ.ម. ដោយ​ជិះ​រទេះគោ ដោយ​កង់​ឬ​ក៏​ដោយ​ថ្មើ​រជើង​ក៏​បាន​តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ហើយ​ចម្ងាយ​ផ្លូវ ​១ គ.ម. ទៅ​ដល់​ទឹក​ធ្លាក់​គឺ​ត្រូវ​ដើរ​ដោយ​ថ្មើ​ជើង​ទើប​បាន។
  • ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹក​ជ្រោះ​អន្លង់រ័ត្ន​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤​ គីឡូម៉ែត្រ​ខាងជើង​ឧទ្យានជាតិគីរីរម្យ និង​មាន​ចម្ងាយ​ប្រមាណ​ ៣ ​គីឡូម៉ែត្រ​ ពី​រមណីយដ្ឋាន​ទឹក​ធ្លាក់​ចំបក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋាន​ទឹក​ជ្រោះ​អន្លង់រ័ត្ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០០៨ ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​អង្គការ​ម្លប់​បៃតង​និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ក្រោម​ការឧបត្ថម្ភ​របស់​អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់
  • រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋាន​ល្អាង​ភ្នំចាស់ ស្ថិត​នៅ​ក្នុង ស្រុកឱរ៉ាល់​។ ‘រមណីយដ្ឋាន​ជា​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​គេ​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ។ នៅ​ទី​នោះ​សំបូរ​ទៅ​ដោយ​ល្អាង​ភ្នំធំៗ ជា​ពិសេស​អ្នក​ទៅ​កំសាន្ត​នៅទី​នោះនឹង​បាន​ទស្សនា​របាំ និង​ស្គាល់​ពី​ទំនៀម​ទំលាប់​របស់​ជនជាតិ​ភាគ​តិច​មួយ​ដែល​នៅ​ទីនោះ​​​​​​​​​​ នោះគឺជនជាតិសួយ
  • រមណីយដ្ឋានវប្បធម៌ធម្មជាតិ​ភ្នំព្រះ ៖ ភ្នំព្រះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ពីទីជិតទីឆ្ងាយ​ឱ្យ​មកគោរព បូជាបន់ស្រន់តាម​ជុំ​នឿ​របស់​ពួក​គាត់​ព្រោះ​ទី​នោះ​មាន​ភាព​អច្ឆរិយៈខ្លាំង​ណាស់​ខាង​ជុំនឿ។ ឱ្យតែ​រដូវ​បន់​ស្រន់​ចូល​មក​ដល់​ពួក​គាត់​នាំ​គ្នា​សម្រុក​មក​ទីនេះ​រាប់​ពាន់​នាក់ ដើម្បី​ធ្វើ​បុណ្យ​ទាន តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពូក​គាត់។ ទីនោះ​ជាកន្លែង​បួង​សួង​ពូកែ​ស័ក្ដិសិទ្ធិណាស់ នៅ​តាម​ជើង​ភ្នំ​ព្រះ​មានសំណង់​បែប​សាសនា​ផ្សេងៗ​ពី​គ្នា​យ៉ាង​ច្រើន​បាន​សង់​ព័ទ្ធនៅ​ជុំវិញ​ភ្នំព្រះ ពិសេស​នៅ​អំឡុង​ខែ​ មីនា​ និង​ មេសា​ មាន​ប្រជាជន​រាប់​ម៉ឺន​នាក់​នាំគ្នា​ទៅ​ធ្វើ​បុណ្យទាន​ និង​គោរព​សក្ការៈ​តាមជំនឿរបស់​គាត់​រៀងៗ​ខ្លួន។ ភ្នំ​ព្រះ​មាន​រូងភ្នំ និង ល្អាងភ្នំ ជា​ច្រើន​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ​ល្អាងភ្នំ និង​រូង​ភ្នំ​ខ្លះ​ត្រូវ​បាន​គេរៀប​ចំជា​កន្លែង​គោរព​សក្ការៈ។ រមណីយដ្ឋាន​វប្បធម៌​ទេសចរណ៍​ភ្នំចាស់​មាន​មាន​ផ្ទៃ​ដី ១០០ ​ហិកតា​ស្ថិត​នៅក្នុង​ស្រុកឱរ៉ាល់ តាម​ផ្លូវ​ទៅ​ចម្ការ​អំពៅលី​យ៉ុងផាត់​មាន ចម្ងាយ​ជាង ៥០ គ.ម. ​ពីទីរួម​ខេត្តកំពង់ស្ពឺ។
  • ប្រាសាទក្អែកពង ៖ ប្រាសាទ​នេះ​ជា​ប្រាសាតទោល​មាន​ចម្ងាយ​ ១៥ គ.ម. ពី​ខេត្តកំពង់ស្ពឺ​ស្ថិត​នៅ​ក្នុង​ ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទ​ក្អែក​ពង​ត្រូវ​បាន​កសាង​នៅ​លើ​កំពូល​ភ្នំ​មួយ​ដែល​មាន​កំពស់​ប្រមាណ​ ៣០០ ម មាន​ជ្រុង​ទាំង​៤​ប៉ុន​គ្នា​កំពូល​ប្រសាទ​បាន​បាក់​បែក​អស់​ ហើយ​ប្រាសាទវិញ​ប្រេះ​ស្រាំ​ស្ទើរ​គ្មាន​សល់។
  • តំបន់ទេសចរណ៍ជនជាតិសួយ និងតេទឹកពុះ ៖ តំបន់​នេះ​មាន​ប្រជាជន ជនជាតិសួយ​រស់​នៅ​ចំនួន ​៣ ៦០០ ​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ត្រពាំជោ ស្រុកឱរ៉ាល់។ ភ្ញៀវទេសចរណ៍ ដែល​ទៅ​ទី​នោះ​ច្រើន​តែ​ចង់​ទស្សនា​វប្បធម៌​ទំនៀម​ទម្លាប់ ប្រពៃណី​ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​រឹត​តែ​ពិសេស​ទៀត​នោះ​ភ្ញៀវ​ទេសចរ​ណ៍ចង់​ទៅ​ទស្សនា​របាំ​របស់​ជនជាតិសួយ និង​របាំ​ផ្សេងៗ​ទៀត​របស់​ពួក​គាត់។

  • ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា ដែលជាតំបន់សក្ដិសិទ្ធ ការពារដោយពលរដ្ឋសហគមន៍តំបន់ការពារធម្មជាតិកោរដូនតី  ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ស្ថិតនៅទិសខាងលិចនៃទីរួមខេត្តកំពង់ស្ពឺ។ តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្ដិសិទ្ធ អ្នកដែលមកលេងនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជម្ងឺគ្រប់ប្រភេទ អាចមកលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ នឹងអាចជាសះស្បើយពីជម្ងឺជាមិនខាន។ ទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ។ ផ្ទៃទឹក ទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា និងពោរពេញដោយស្មៅខ្ពស់ៗ កក់(ប្រភេទត្រែងម្យ៉ាង) និងថ្មក្រហម។
  • ខ្នងផ្សារ ជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ពេលព្រឹកព្រលឹមយើងគួរធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់។ ពេលល្ងាចយើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។ ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរណ៍ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាសធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។ ខ្យល់បកប៉ះរៀងកាយ សំលឹងមើលទៅឆ្ងាយបន្តិចពពក ហោះកាន់ព្រៃយ៉ាងក្រាស់ ជារស់ជាតិថ្មីមួយ សម្រាប់អ្នកទេសចរណ៍ដែលបានទៅកំសាន្តបានប្រសិទ្ធមានថា «ឋានសួគ៌ធម្មជាតិ»។ទំរាំបានទៅដល់កំពូលភ្នំ ភ្ញៀវទេសចរណ៍បានជួបនូវទុកលំបាកជាច្រើន តាមរយៈការធ្វើដំណើរដោយថ្នើរជើងប្រមាណជាង ៥ទៅ ៧ម៉ោង។