កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា÷ ដើម្បីចូលរួមអភិរក្ស និងថែរក្សាមរតកសិល្ប: ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់យើង មានរាប់រយឆ្នាំ មកហើយកុំឱ្យបាត់បង់ យើងជាយុវជនជំនាន់ក្រោយ ជាប្រជាជន ជាអាជ្ញាធរ ជាអ្នកជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាអ្នកពាក់ព័ន្ធឯទៀត កុំកាឡៃ កុំច្នៃ ឲ្យខុសទម្រង់ដើម នៃសិល្បៈនីមួយៗឲ្យសោះ។ ឯកឧត្តមមានប្រសាសន៍ ទៅកាន់មន្ត្រីរាជការ ក្រុមសិល្បៈ ក្រុមយុវជន ប្រជាពលរដ្ឋ រាប់រយនាក់គ្រាដែលឯកឧត្តម មានមតិបើកសំដែង និងទស្សនា រាត្រីល្ខោនខោលនៅសួនច្បារសម្ដេចសង្ឃរាជ ជួន ណាត ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រាត្រីថ្ងៃទី ៨មីនា ឆ្នាំ២០២០។
យើងជាកូនខ្មែរគ្រប់រូបត្រូវខិតខំសិក្សាស្រាវជ្រាវនិងអភិរក្សផ្សព្វផ្សាយហើយគេបានដឹងនូវអ្វីដែលជាដូនតារបស់យើងបានបន្សល់ទុកឲ្យយើងជាមនុស្សជំនាន់ក្រោយថែរក្សាឲ្យបានគង់វង្សព្រមទាំងបានជួយផ្សព្វផ្សាយឲ្យពិភពលោកបានដឹងអំពីអត្តសញ្ញាណជាតិខ្មែរផងដែរ។
គួរបញ្ជាក់ផងដែរថានារាត្រីថ្ងៃទី ៨ មីនានេះ ក៏មានវត្តមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាធិបតីភាព ក្នុងពិធីបើកការសម្ដែងល្ខោនខោល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី តំណាងឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងក្រុមយុវជន សសយក រាប់រយនាក់។
ហើយកម្មវិធីក្នុង ថ្ងៃទី៨ ខែមីនា ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការ ក្រុមយុវជន ស.ស.យ.ក សហការជាមួយនឹងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សម្ដែង និងផ្តិតរូប -រាត្រីល្ខោនខោន-តាំងពិព័រណ៍រូបថតល្ខោនខោល-រាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរ-ទស្សនីយភាពរបាំព្រៃប្រសិទ្ធ-ចាប៉ីដងវែងដោយព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ -ការប្រគំវង់ភ្លេងអារក្ស-ទស្សនីយភាពសៀកអាក្រូបាត-ការសម្ដែងល្ខោនខោល រឿង បាក្របីស្រីហនុមាន ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៨:០០ យប់ ផងដែរ៕