កំពង់ស្ពឺ÷ ឯកឧត្តម ភោគ សុវណ្ណរិទ្ធរដ្ឋលេខាធិការក្រសួងឧស្សាកម្ម និងសិប្បកម្ម ជាក្រុមការងារវេទិកាសាធារណៈស្រុកថ្ពង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី គោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងបរិវេណវត្តតាំងពោធិ៍ ឃុំប្រាំបីមុម ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០ សមាសភាពចូលរួម ប្រមាណជា១២៣ នាក់។
បន្ទាប់ពីមានមតិសំណេះសំណាល របស់ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម សិប្បកម្ម និងជាប្រធានក្រុមការងារវេទិកាសាធារណៈរួចមក÷
បងប្អូនប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាមួយចំនួនក្នុងនោះមាន÷
១- បញ្ហាទឹកស្ទឹងនៅភូមិតាំងពោធិ៍ប្រែជាពណ៌ខៀវ
២- បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហេតុអ្វីអ្នកនៅខាងមុខត្រូវសងអ្នកបុកពីក្រោយ
៣- បញ្ហាក្មេងទំនើងបាត់ក្រដាសផ្ញើម៉ូតូ ហើយរករឿងប្រជាការពារដែលជាអ្នកយាមម៉ូតូថែមទៀត
៤- អ្នកស្រវឹងស្រាបើកបរបុកគេបុកឯង តើមានទោសដែរឬទេ
៥- សុំជួយជួសជុលផ្លូវមួយខ្សែហុយខ្លាំងណាស់ ពីថ្នល់កែងទៅអូររទេះភ្លូក
៦- ប្រជាជននៅភូមិថ្នល់ទទឹងចំនួន10 គ្រួសារ មិនទាន់មានអគ្គិសនីប្រើប្រាស់
៧- ដីប្រជាជនចំនួន44 គ្រួសារ មានប្លង់ត្រួតគ្នាជាមួយប្លង់ដីយោធា និងប្លង់ដីសហគមន៍
៨- ដីកសិកម្មព្រែកលៀប ហេតុអ្វីមានប្រជាពលរដ្ឋខ្លះមានប្លង់រឹង ខ្លះអត់ប្លង់រឹង។
- បញ្ហា និងសំណូមពរទាំង8 ត្រូវបានបំភ្លឺ ចាត់វិធានការ និងដោះស្រាយនៅនឹងកន្លែង ។
ខ្ញុំបាទក៏បានផ្សព្វផ្សាយផងដែរ ពីសភាពការណ៍បច្ចុប្បន្ន ៖
- ការឆ្លង និងការការពារជំងឺ COVID-19 កុំឱ្យប្រជាពលរដ្ឋបារម្ភខ្លាំងពេក រហូតទៅរកទិញស្បៀងស្តុកទុក ដែលជាហេតុធ្វើឱ្យឈ្មួញឆ្លៀតឱកាសតម្លើងថ្លៃទំនិញ។
- ដោយសារការខិតខំរបស់សម្តេចតេជោ នាយករដ្ឋមន្ដ្រី ពេលនេះ វត្ថុធាតុដើមសម្រាប់រោងចក្រ បានដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ហើយ។ ដូច្នេះ រោងចក្រដែលបានបិទទ្វារកន្លងមក នឹងចាប់ផ្តើមបើកទ្វារឡើងវិញជាបន្តបន្ទាប់ ហើយកម្មករយើងក៏ចាប់ផ្តើមចូលធ្វើការវិញជាបណ្តើរៗដែរ។