កំពង់ស្ពឺ÷ រាល់ការទិញទំនិញ ត្រូវពិនិត្យមើលលើសំបកវេចខ្ចប់ បើគ្មានកាលបរិឆ្ឆែត គ្មានប្រភពច្បាស់លាស់ មិនដឹងថាអ្នកផលិតទាំងអស់នោះ ដាក់សារធាតុញៀន ឬដាក់គ្រឿងផ្សំពុលអ្វីខ្លះ ទៅដល់អ្នកទិញយកមកបរិភោគនោះទេ។ ដូច្នេះសូមក្រុមអាជីវករទាំងអស់ និងអ្នកទិញទំនិញទៅបរិភោគទាំងអស់ ត្រូវនាំគ្នាពិនិត្យមើល និងបញ្ឈប់ការទិញទំនិញទាំងអស់នោះ យកមកលក់ ឬយកទៅបរិភោគទៀតទៅ។ លោក ណាល់ វិចិត្រ ប្រធានសាខាកបប មានប្រសាសន៍បែបនេះគ្រាដែលលោកដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យទំនិញ និងអប់រំណែនាំដល់អ្នកលក់ និងអ្នកទិញ នៅផ្សារបាត់ដឹង ក្នុងស្រុកឧត្តុង្គ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។
លោកក៏បានផ្ដល់នូវសារដាស់តឿនទៅដល់អ្នកលក់និងអ្នកទិញដើម្បីចូលរួមលើកស្ទួយសុខមាលភាពសង្គមមុននឹងទិញទំនិញគ្រប់ប្រភេទមកលក់ឬយកទៅបរិភោគសូមបងប្អូនត្រូវគិតពីសុខមាលភាពដោយត្រូវពិនិត្យមើលអនាម័យការតាំងលក់ពិនិត្យមើលកាលបរិឆ្ឆេត ប្រភព ឬគ្រឿងផ្សំដែលគេសរសេរលើសំបកវេចខ្ចប់ឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញទាំងអស់នោះមកបរិភោគ។
ក្នុងពិធីចុះពិនិត្យ និងណែនាំរបស់សាខា កបប មន្ត្រីសាខាក៏បានពិនិត្យតាមដានតម្លៃម៉ាស់ ជែល ឬអាល់កុលលាងដៃ ឥន្ធនៈ ស្រាថ្នាំចិនសែ (តាំងកួយ) ព្រមទាំងបានយកគំរូទំនិញចំនួន ០៤ មុខតាមការណែនាំរបស់អគ្គនាយកដ្ឋានបញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យផងដែរ៕