រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៤ ព្រះវស្សា យាងចូល ៨៥ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

  • 982
  • ដោយ Admin

ក្នុងឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៤ ព្រះវស្សា យាងចូល ៨៥ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ ដែលនឹងឈានមកនាពេលខាងមុខនេះ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ នេះឯកឧត្តម អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានដឹកនាំសមាជិកភាព អញ្ជើញប្រគេនទេយ្យទាន បច្ច័យ ដល់ព្រះសង្ឃ និងចែកអំណាយជាថវិកា រួមទាំងគ្រឿងឧបភោគ បរិភោគ ដល់យាយជី តាជី ប្រជាពលរដ្ឋ នាវត្ត តាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ព្រះគ្រូគីរីវរគ្គ ម៉ៅ សារឿន អនុគណស្រុកឱរ៉ាល់ មានសង្ឃដីកាកោធសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានទឹកចិត្តជ្រះថ្លាដ៏ឧដុង្គឧត្តម និងភាពដឹងនូវគុណូបការៈ ចំពោះបុព្ធការីជន និងមានបញ្ញាឆ្លាត់វៃ ចាត់ចែងនិងដឹកនាំប្រកបដោយកិត្តិបណ្ឌិត ជាពិសេសក្នុងឪកាសនេះ សម្តេចបានរៀបចំចាត់ចែងជាមួយនឹងសហការី នៃកាកបាទក្រហមកម្ពុជា ផ្តួចផ្តើមរៀបចំប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់គម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានអោយដឹងថា កាកបាទក្រហមកម្ពុជាបានរៀបចំប្រារព្ធពិធិបុណ្យចំរើនព្រះជន្មគំរប់ខួប សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៧វត្ត ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក្នុងថ្ងៃតែមួយ ក្នុងនោះមាន វត្តលង្កាព្រះកុសុមារាម និងវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) វត្តសុវណ្ណមុនីសាគរ (ហៅវត្តសំរោងអណ្តែត) រាជធានីភ្នំពេញ រាជធានីភ្នំពេញ វត្តប្រជុំនទី (ហៅវត្តក្រពើហា) ខេត្តកណ្តាល វត្តកល្យាណមានជ័យ (ហៅវត្តទ័ពមាន) ខេត្តកំពង់ស្ពឺ និងវត្តដែលយើងកំពុងប្រារព្ធផឹកនៅ វត្តសំពៅផុស (ហៅវត្តតាំងបំពង់) ខេត្តកំពង់ស្ពឺនេះតែម្ដង។

ឯកឧត្តម រួមទាំង សមាជិកភាព សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេស សូមទេព្តារក្សាព្រះមហាស្វេត្រឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយ និងសូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។

សូមបញ្ជាក់ដែលថា តេយ្យទាន និងបច្ច័យ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ជាអំណោយរបស់កាក បាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានប្រគេនសង្ឃ ជូនរួមមានៈអង្ករចំនួន ១តោន មីជាតិ ចំនួយ១០កេស ត្រីខ ចំនួន២កេស ស្ករស ចំនួន ២៥ គីឡូក្រាម តែចំនួន ៥គីឡូក្រាម ទឹកដោះគោខាប់ ចំនួន២ កេស អូរវ៉ាន់ទីន ចំនួន២ កេស ទឹកក្រូច ចំនួន១០ កេស ទឹកបរិសុទ្ធ ចំនួន១០កេស មៀនកំប៉ុង ចំនួន២កេស ផ្លែឈើស្រស់ ចំនួន២កន្ត្រក ផ្កាស្រស់ ចំនួន២កន្ត្រក និងថវិកា ចំនួន ១០លានរៀល។

អត្ថបទទាក់ទង