រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ

  • 1.0ពាន់
  • ដោយ Admin

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំសណ្ឋាគារផាមរីវើ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានានៅក្នុងខេត្ត អភិបាលស្រុកក្រុង ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

មានប្រសាសន៍នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បើលើកឡើងថា ពិធីប្រកាសផ្សព្វផ្សាយ នឹងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ស្ពឺនាព្រឹកនេះ មានគោលបំណងផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីគោលការណ៍សំខាន់ៗជូនដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អំពីការចាប់ផ្ដើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរសុខាភិបាលលើការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលឲ្យមករដ្ឋបាលខេត្ត ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានបន្តទៀតថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ រដ្ឋបាលខេត្តនឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាលនានាដែលបានប្រគល់ឱ្យ។ អ្វីដែលរដ្ឋបាលខេត្តត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលលើការអនុវត្តមុខងារសុខាភិបាល គឺការបំពេញការងារទាំងនេះ ដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និងស្តង់ដារនានាដែលកំណត់ដោយក្រសួងសុខាភិបាល។ ទន្ទឹមគ្នានេះប្រធានមន្ទីរសុខាភិបាលត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្ដល់សេវាសុខាភិបាលដែលបានប្រគល់មកឲ្យរដ្ឋបាលខេត្ត ។

ឯកឧត្តម វ៉ី សំណាងអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអំពីវិធានការបង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមដានជាប្រចាំនូវកន្លែងកំសាន្ត ជាពិសេសអនុវត្តតាមសារាចរណែនាំ បទបញ្ជារបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋ កម្មករ និយោជិតឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕

អត្ថបទទាក់ទង