កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ១៥ អណ្តូង ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ រស់នៅក្នុងឃុំចំនួន៣ គឺឃុំប្រាំបីម៉ុម ឃុំទ័ពមាននិងឃុំយាអង្គ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសប្រគល់អណ្តូងទឹកនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកជូនលោកយាយលោកតា និងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អពិសេសត្រូវបរិភោគទឹកដាំពុះនិងចូលរួមដាំដំណាំ ឬបន្លែផ្សេងៗនៅក្បែរអណ្តូងដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍ហើយត្រូវថែរក្សារាល់សមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។
ប្រជាពលរដ្ឋដែលចូលរួមក្នុងឱកាសនោះ ម្នាក់ៗទទួលបាន សាប៊ូ ២ដុំ ។ ក្រោយពីទទួលបានសមិទ្ធផលនេះបានសំដែងនូវក្តីរំភើបរីករាយ ដោយបានការយកចិត្តទុកដាក់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ហើយដែលពួកគាត់មិនពិបាកទៅរែកទឹកអូរនៅឆ្ងាយផ្ទះ ឬចំណាយថវិកាទិញ ទឹកគេដូចមុនទៀតឡើយ។