កំពង់ស្ពឺ÷ អគារប្រជុំសាលាខេត្ត ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មការថ្នាក់ខេត្ត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី សមាសភាពចូលរួមប្រមាណជា ៤៤ នាក់។
លោកជំទាវគណៈធិបតីមានប្រសាសន៍ថា÷ សូមឲ្យលោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានចូលរួមនាពេលនេះ ត្រូវខិតខំបន្តពង្រឹងការងារផ្សព្វផ្សាយតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល សំដៅពង្រឹង នៅតាមបណ្ដាសហគមន៍ កុំឲ្យមានជំងឺកូវីដ-១៩ កើតរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ក្នុងភូមិ ឃុំ ស្រុក ខេត្តរបស់យើង។
លោក លោកស្រី ត្រូវខិតខំណែនាំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើង យល់ដឹង និងចូលរួមសហការ ក្នុងការបង្ការ អនាម័យ ទប់ស្កាត់ ឲ្យបានជាប់ជាប្រចាំ ដោយត្រូវមានគម្លាតពីគ្នាតាមការណែនាំ- មិនត្រូវមានការជួបជុំ-ត្រូវពាក់ម៉ាស-ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ដើម្បីសហគមន៍យើងគ្មានការចម្លងជំងឺកូវីដ-១៩ ផងដែរ៕