រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារអនុគម្រោងរលាំងជ្រៃនៃគម្រោងកែលំអ និងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ

  • 974
  • ដោយ Admin

កំពង់ស្ពឺ÷ អគារប្រជុំសាលាខេត្តរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត
ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា អគ្គនាយក នៃនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាអធិបតីភាពក្នុងពិធីពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារអនុគម្រោងរលាំងជ្រៃនៃគម្រោងកែលំអ និងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការ jica និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរឃុំ សង្កាត់ ប្រមាណជា ៦០ នាក់។

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា÷ទំហំការងាររបស់អនុគម្រោងរលាំងជ្រៃមាន០១កន្លែង- ការងារសាងសង់សំណង់ទឹក០២កន្លែង -ការងារជួសជុលប្រឡាយមេរលាំងជ្រៃខាងជើងចំនួន០១ខ្សែ មានប្រវែង ១១.៧០ គីឡូម៉ែត្រ-ការងារជួសជុលប្រឡាយមេរលាំងជ្រៃខាងត្បូងចំនួន០១ខ្សែ មានប្រវែង ១២.៥៥ គីឡូម៉ែត្រ - ការងារជួសជុលប្រឡាយថ្នាក់ទី ២ រលាំងជ្រៃខាងជើងមានចំនួន ០៧ ខ្សែ មានប្រវែង ១០.៤០ គីឡូម៉ែត្រ - ការងារជួសជុលប្រឡាយថ្នាក់ទី ០២ រលាំងជ្រៃខាងត្បូងចំនួន ០៦ ខ្សែ មានប្រវែង ០៨ គីឡូម៉ែត -ការងារជួសជុលនិងសាងសង់ប្រឡាយថ្នាក់ទី ៣ មានប្រវែង ១៤.៤០គីឡូម៉ែត្រ សាងសង់សំណង់ពាក់ព័ន្ធសរុបមានចំនួន ១៤៦ កន្លែង។ ការងារសាងសង់អគារសមាគមកសិករប្រើប្រាស់ទឹក មានចំនួន០១កន្លែង។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត មានប្រសាសន៍ថា÷ អ្នកទទួលផលពីគម្រោង មានចំនួនសរុប ២៩ ភូមិ ៨ ឃុំ ០១ក្រុង និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងនេះមានរយៈពេល ១០ ឆ្នាំគឺចាប់ពីឆ្នាំ ២០១៤ បញ្ចប់ក្នុងឆ្នាំ ២០២៤ ផលប៉ះពាល់នៃគម្រោងផ្ទៃដី នៅក្នុងអនុគម្រោងរលាំងជ្រៃមានចំនួន ៨៩ ៧០៩ ម៉ែត្រការ៉េ។

ជាមួយគ្នានេះផងដែរឯកឧត្តម បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានជំរុញឲ្យមន្ត្រីជំនាញខិតខំស្តារប្រព័ន្ធស្រោចស្រព និងធ្វើអាងទឹក ជាប្រភពទឹកសម្រាប់ប្រជាជនប្រើប្រាស់ និងសម្រាប់ប្រជាកសិករស្រោចស្រពដីស្រែចំការរបស់ពួកគាត់។ហើយគម្រោងទាំងនេះ មានអ្នកទទួលផល និងបានកាត់បន្ថយនូវទឹកជំនន់បានមានចំនួន ៥ ខេត្ត ក្នុងនោះមាន÷ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្ដាល រាជធានីភ្នំពេញ និងខេត្តតាកែវ។

ឯកឧត្តមបានបន្តទៀតថា រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងខិតខំសម្របសម្រួលផលប៉ះពាល់ដើម្បីឲ្យដំណើរការបានរលូន អំពីគម្រោងស្ដារ និងការធ្វើអាងទឹក ដែលជាប្រភពដ៏សំខាន់ក្នុងខេត្តកំពង់ស្ពឺផងដែរ៕

អត្ថបទទាក់ទង