រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២០

  • 893
  • ដោយ Admin

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយឯក យឿន សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២០ នៅបញ្ជាការដ្ឋានតំបន់សឹករងខេត្តកំពង់ស្ពឺ ។

មានប្រសាសន៍ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះបងប្អូនយុទ្ធជនដែលបានខិតខំបំពេញបេសកកម្មបម្រើជាតិមាតុភូមិ ប្រកបដោយជោគជ័យត្រចះត្រចង់ ចូលរួមដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសុខសន្តិភាពរយៈពេលកន្លងមក ហើយបានចូលរួមថែរក្សាការពារសន្តិសុខសង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយប្រឆាំងដាច់ខាតចំពោះក្រុម ដែលចេតនាប្រឆាំងមកលើរាជរដ្ឋាភិបាល ។

ឯកឧត្តមហ៊ុន វ៉ី សំណាង ក៏ដាស់តឿនដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវត្រៀមខ្លួនដើម្បីជួយបង្កាគ្រោះធម្មជាតិ ក្នុងការជួយដល់ប្រជាពលរដ្ឋ ត្រូវសហការគ្នាជាមួយកងកម្លាំងដទៃទៀត ក្នុងការបង្ក្រាបគ្រឿងញៀន ហើយនាយទាហាន និងពលទាហាន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដោយចេះយោគយល់អាធ្យាស្រ័យ ក្នុងពេលបើកបរ ត្រូវសហការផ្ទៃក្នុងរបស់អង្គភាពឲ្យបានល្អ ចៀសវាងការប្រកាន់បក្ខពួក នាំឲ្យបាត់បង់តម្លៃ​ជាកងកម្លាំង និងខូចដល់កិត្តិយសដល់ថ្នាក់ដឹកនាំ ។

ឯកឧត្តម ឧត្តមសេនីយឯក យឿន សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាព ទី៣ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រតាមក្បួនយុទ្ធសាស្ត្រដោយស៊ូបង្ហូរ ញើសលើទីលានហ្វឹកហាត់ កាត់បន្ថយការបង្ហូរឈាមលើសមរភូមិប្រយុទ្ធ ត្រូវស្មោះត្រង់ចំពោះជាតិ មាតុភូមិ មានមនសិការស្នេហាជាតិការពារ ឲ្យបាននូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ពីការបោះឆ្នោត ត្រូវគោរពវិន័យ មានភក្តីភាព អាកប្បកិរិយាថ្លៃថ្នូរ សកម្មក្នុងការងារ មានចិត្តក្លាហាន មោះមុត មានការទទួលខុសត្រូវ មានសាមគ្គីភាពល្អ និងស្មោះត្រង់ជានិច្ច ចំពោះថ្នាក់ដឹកនាំត្រូវបន្តខិតខំរៀនសូត្រពីគ្នាទៅវិញទៅមក។

ឯកឧត្តម ឧត្តមសេនីយឯក យឿន សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាព ទី៣ បានបញ្ជាក់ថា ដើម្បីក្លាយជាយោធិនមានសមត្ថភាពខ្ពស់ ត្រូវមានចំណេះដឹងគ្រប់មុខជំនាញ ដើម្បីយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវលើកកម្ពស់ស្មារតី គ្រប់គ្រងថែរក្សាសម្ភារៈបរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ឲ្យបានល្អ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលនៅជិតតំបន់ឈរជើងរបស់យើង ត្រូវចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍនៅមូលដ្ឋានជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយនានា និងចូលរួមជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល ត្រូវចូលរួមក្នុងចលនាប្រឡងប្រណំាងរបស់អង្គភាព និងមួយផ្នែកទៀតរួមចំណែកក្នុងការងារបង្កបង្កើនផលជាលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃឲ្យបានប្រសើរឡើង ។

អត្ថបទទាក់ទង