រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៦៧៥គ្រួសារ ក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង

  • 590
  • ដោយ Admin

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនពលរដ្ឋ ៦៧៥គ្រួសារនៅឃុំអមលាំង ស្រុកថ្ពង និងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៦៧៥គ្រួសារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង។

នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងចុះជួយប្រជាពលរដ្ឋដែលជួបការលំបាកជានិច្ច មិនដែល រត់ចោលប្រជាពលរដ្ឋ ឬទុកប្រជាពលរដ្ឋណាចោល ដោយមិនបានគិតគូរនោះឡើយ «ទីណាមានប្រជាពលរដ្ឋជួបទុក្ខ ទៅនោះមានមុខសម្ដេចតេជោ ហ៊ុន សែន»។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ ពិសេសត្រូវត្រៀមស្រូវពូជ ឬគ្រាប់ពូជដំណាំផ្សេងទៀត ដើម្បីបង្កបង្កើនផលនៅនាពេលក្រោយៗទៀត។

ឯកឧត្តម វ៉ី សំណាង បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

អត្ថបទទាក់ទង