រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅសាលាស្រុកថ្ពង
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម សុខ យ៉ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត ព្រមទាំងមានការចូលរួម ពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ ផងដែរ ។


គោលបំណងក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។



