នានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ អង្គការទស្សនៈពិភពលោក សហការជាមួយ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២០ របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម សុខ យ៉ាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ស្រុក អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs) និងអ្នកផ្តល់សេវាទាំង៣។
វេទិកានេះមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍នូវការអនុវត្តការងារគណនេយ្យភាពសង្គម បង្កើននូវទំនាក់ទំនងល្អរវាងក្រុមអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងភាគីអ្នកផ្តល់សេវាក្នុងស្រុកទាំង៧ ព្រមទាំងចែករំលែកពីគ្នាទៅវិញទៅមកតាមរយៈការសិក្សាផ្លាស់ប្តូរឥរិយាបថនៅមូលដ្ឋានក្នុងតំបន់គោលដៅស្រុកទាំង៧ ដែលជាយុទ្ធសាស្រ្តបន្តឲ្យមាននិរន្តរភាពក្នុងដំណើការអនុវត្តគម្រោង និងចងក្រងក្រុមបណ្តាញអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសង្គមថ្នាក់ខេត្ត។
គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាក៏ជាមធ្យោបាយមួយដែលបន្ស៊ីគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះរាល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានប្រកាន់យកតាមកិច្ចដំណើរការនេះ។ ជាទូទៅកិច្ចដំណើរការនេះ រួមមាននូវរាល់សកម្មភាពទាំងឡាយណាដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានាដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិបទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋាន។