ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីបុណ្យមាឃបូជា ដែលមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកជំទាវឧកញ៉ាកត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទំាងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដែលរៀបចំធ្វើឡើងនៅវត្តមុនីរង្សីរតនារាម(ម្រុំខាងជើង) ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ផងដែរថា បុណ្យមាឃ បូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះ ពុទ្ធសាសនា លើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន ។
ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅក្នុងថ្ងៃពេញបូណ៌រមី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុអង្គសន្និបាត នឹងថ្ងៃដែលព្រះ អង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខា ។
ដូចនេះ ពិធីបុណ្យមាឃបូជានេះ ប្រជាពលរដ្ឋយើងទូទាំងប្រទេស តែងតែគោរព ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយពុំអាក់ខានឡើយ ៕