រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីប្រគល់ថវិកាកម្ចីរបស់គម្រោង laset 2 ដល់ក្រុមកសិករទុនបង្វិលទាំង ១០ ក្រុម ក្នុងសហគមន៍ព្រៃធំ

  • 601
  • ដោយ Admin

កំពង់ស្ពឺ÷ ការចងក្រងក្រុមទុនបង្វិលរបស់គម្រោង ឡាសិត២ ដើម្បីធ្វើឱ្យសមាជិកក្រុមដែលជាសម្បទាននិក មានជីវភាពល្អប្រសើរឡើង ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត មានប្រសាសន៍បែបនេះ នៅគ្រាដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ថវិកាកម្ចីរបស់គម្រោង laset 2 ទៅដល់ក្រុមកសិករទុនបង្វិលទាំង ១០ ក្រុម ក្នុងសហគមន៍ព្រៃធំ នៅសាលប្រជុំសហគមព្រៃធំ ស្ថិតក្នុភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតដែរថា÷ ដើម្បីឲ្យសមាជិកក្រុមដែលជាសម្បទាននិក អាចមានជីវភាពល្អប្រសើរឡើង លុះត្រាតែយើង ត្រូវបង្កើនគោលដៅ និងបង្កើនភាពជឿជាក់ ព្រមទាំងកសាងទំនុកចិត្តរវាងគ្នាទៅវិញទៅមក ក្នុងការធ្វើការងារជាក្រុម ហើយត្រូវចេះធ្វើការងាររួមជាក្រុម ហើយត្រូវចេះចែករំលែកបទពិសោធន៍ទាំងជោគជ័យ និងបរាជ័យ ឲ្យគ្នាទៅវិញទៅមក ដើម្បីទទួលបានទុន ហិរញ្ញាវត្ថុ និងគម្រោងសម្រាប់ពង្រឹងសកម្មភាពរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
ការទទួលបានការសិក្សាពីតម្រូវការជាក់ស្ដែង របស់សមាជិកក្រុមពីគម្រោង និងបំពេញតម្រូវការទាំងនោះបានចំគោលដៅ និងទាន់ពេលវេលាទទួលបានដើមទុនបន្ថែមទៀត ពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជន សម្រាប់ការវិនិយោគលើដីកសិកម្ម ដែលផ្ដល់ដោយគម្រោងសន្សំប្រាក់ ដើម្បីបង្កើនដើមទុន ក្នុងការធ្វើអាជីវកម្មផ្សេងៗ និងបង្កើនប្រាក់ចំណូលតាមរយៈការធ្វើការងារជាក្រុម និងប្រើប្រាស់ទុនបង្វិលដែលទទួលបានពីគម្រោងបានចំគោលដៅ។

ឯកឧត្តមបានបន្តទៀតថា÷ នៅដើមខែឧសភាឆ្នាំ ២០២១ នេះ ក្រុមការងាររបស់ក្រុមហ៊ុនSBK R&D និងសហការជាមួយក្រុមការងារគម្រោង laset2 របស់រដ្ឋបាលខេត្ត ថ្នាក់ស្រុក ឃុំ និងសហគមន៍ ចុះជួយសម្របសម្រួលក្នុងការផ្ដល់ទុនដល់សមាជិកក្រុមទុនបង្វិលទាំង ១៨០ នាក់របស់សម្រាប់ប្រើប្រាស់ក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិត។ បន្តតាមដានលើការប្រើប្រាស់ថវិកា ដែលបានមកពីគម្រោងចុះបង្ហាត់បង្រៀនថ្នាក់ដឹកនាំក្នុងទុនបង្វិលអំពីការកត់ត្រាបញ្ជីស្នាមគ្រប់គ្រងទុនបង្វិលឲ្យបានត្រឹមត្រូវ ចុះតាមដាន និងគាំទ្រក្រុមទុនបង្វិលដាក់ប្រាក់សន្សំខ្ចី សងប្រាក់ និងកត់ត្រាប្រាក់សន្សំសម្របសម្រួល និងគាំទ្រក្រុមប្រឹក្សាឃុំធ្វើសវនកម្មសាធារណៈជាមួយក្រុមទុនបង្វិល។

លោក អែម ផល្លា បុគ្គលិកក្រុមហ៊ុន SBK R&D ទទួលបន្ទុកទុនបង្វិលគម្រោង ឡាសិត២ ខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា÷ ក្រុមទុនបង្វិល ១០ក្រុម បានដាក់ប្រាក់សន្សំសរុបបានចំនួន ៧.៤២៦.០០០ រៀល ហើយចំនួនទឹកប្រាក់ត្រូវបានខ្ចីដោយសមាជិកចំនួន ៦៤ នាក់ នូវថវិកាចំនួន ៧.០៧៣.០០០ រៀល សម្រាប់យកទៅប្រើប្រាស់ ទៅលើកសិកម្មដូចជា÷ ការចិញ្ចឹមមាន់-ទា-ដំឡូងមី-ទិញសម្ភារៈកសិកម្មមួយចំនួន ដែលមានទឹកប្រាក់ ៥.៤២៣.០០០ រៀល -ទិញឥវ៉ាន់ចាប់ហួយសម្រាប់លក់មុខផ្ទះសរុបចំនួន ៥៥០.០០០រៀល និងប្រាក់សម្រាប់សង្គ្រោះបន្ទាន់ចំនួន ១.១២០.០០០ រៀល សមាជិកចំនួន ៤៣ នាក់ បានសងប្រាក់មកក្រុមវិញ ដែលមានទឹកប្រាក់សរុបចំនួន ៣.៣៦៨.០០០ រៀល។ ហើយក្រុមទាំងអស់មិនមានប្រាក់កម្ចីហួសកាលកំណត់ទេ ហើយក្រុមបានប្រមូលការប្រាក់សរុបចំនួន ២២៨.៥០០ រៀល៕

អត្ថបទទាក់ទង