រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ប្រាសាទក្អែកពងឬប្រាសាទភ្នំក្អែកពង ជាសំណង់ស្ថាបត្យកម្មប្រាសាទធ្វើអំពីឥដ្ឋមួយគត់នៅខេត្តកំពង់ស្ពឺ

  • 297
  • ដោយ Admin

ប្រាសាទក្អែកពងឬប្រាសាទភ្នំក្អែកពង ជាសំណង់ស្ថាបត្យកម្មប្រាសាទធ្វើអំពីឥដ្ឋមួយគត់ ប្រាសាទនេះស្ថាបនាឡើងនៅលើចង្កេះភ្នំផ្នែកខាងកើតឈៀងខាងជើង នៃជ្រលងភ្នំក្អែកពងទាំងមូល មានទីតាំងស្ថិតក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ទីតាំងខាងលើភ្នំនេះ មានតួប៉មចំនួនពីរសង់បែរមុខទៅទិសខាងកើតធ្វើពីឥដ្ឋ តែសព្វថ្ងៃតួប៉មមួយទៀត (ខាងជើង) បានដួលរលំបាត់រូបរាងសល់តែគ្រឹះស្មើដី ហើយប្រហែលជាសំណង់តួប៉មប្រាសាទដែលសង់មុនប្រាសាទបច្ចុប្បន្ន។ នៅជុំវិញប្រាសាទមានហេដ្ឋារចនាសម្ព័ន្ធគូទឹក (ស្រះ) មួយកន្លែង ស្ថិតនៅចំពីមុខប្រាសាទ​​ផ្នែកខាងកើតត្រង់ទីចង្កេះភ្នំ និងមានជណ្តើរប្រាសាទចាស់ចំនួន២កន្លែង។ ទី១.ជណ្តើរខាងកើត យើងឃើញស្ថាបត្យករបុរាណបានប្រើសម្ភារៈសំណង់អំពីឥដ្ឋ និងប្រើថ្មភ្នំយកពីទីតាំងផ្ទាល់ ដើម្បីរៀបបន្តុបឆ្លាស់គ្នាយ៉ាងល្អ។

ដោយឡែកនៅជម្រាលចុះខាងជើង ប្រហែលជាជណ្តើរឡើងមកប្រាសាទដែរ តែអាចជាផ្លូវចាស់ឬជណ្តើរប្រាសាទ​ចាស់ (តួប៉មខាងជើង) ព្រោះមិនប្រទះសម្ភារៈសំណង់ដែលតម្រៀបមានកាំថ្នាក់ អាចចុះឬឡើងបានឡើយ។ ចំពោះសំណង់ស្ថាបត្យកម្មរបស់ប្រាសាទ ឥដ្ឋនេះសង្កេតឃើញថា ស្ថិតនៅសម័យមុនអង្គរ ក្នុងគំរូរចនាបថសំបូរព្រៃគុក ក្នុងអំឡុងដើមសតវត្សទី៧ ចន្លោះឆ្នាំ (615-635 A.D) ក្នុងរាជព្រះបាទឥសានវម្ម៌ទី១។

ប៉ុន្តែបើសិក្សាពីប្រភពទិន្នន័យពីអ្នកស្រុក មេភូមិ និងប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកភ្នំស្រួច បញ្ជាក់ថា កន្លងមកនៅផ្នែកខាងលើភ្នំនៃបរិវេណប្រាសាទ ធ្លាប់មានផ្ទាំងស្នានទ្រោណីឬទបង្ហូរទឹកមន្តដែលជាជើងទម្រតម្កល់ព្រះសិវលិង្គ។ តែសព្វថ្ងៃក្រៅតែពីសំណល់ឥដ្ឋ ផ្ទាំងថ្មភក់ជាមេទ្វារប្រាសាទ យើងសង្កេតឃើញមាន ភស្តុតាងសំខាន់នៃសិលាចារឹកមួយផ្ទាំងតូចទំហំប្រហែល (25x15x5)cm ធ្វើពីថ្មភក់ មានចំនួន៦បន្ទាត់ ជាភាសាសំស្រ្កឹតរលុបស្ទើរអស់ដែលបានបញ្ជាក់ថា អាចស្ថិតនៅចន្លោះសតវត្សទី៧-៨ ហើយ​អាចជាប្រាសាទព្រហ្មញ្ញសាសនា ក្នុងរាជព្រះបាទជ័យវម៌្មទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ។

ជាការសន្និដ្ឋាន តួប៉មប្រាសាទខាងជើង (រលំបាត់រូបរាង) និងតួប៉មដែលមានរូបរាង សព្វថ្ងៃ គឺសំណង់ស្ថាបត្យកម្មប្រាសាទប្រហែលជាស្ថិតនៅក្នុងអំឡុងដើមសតវត្សទី៧ ព្រោះបើផ្អែកតាមសិលាចារឹកសុវណ្ណភូមិ ដែលបានរកឃើញនៅវត្តគីរីស្ដេចគង់ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយប្រហែលជាមានការកសាងរបស់ព្រះរាជាក្រោយៗជាបន្តបន្ទាប់មកទៀត ដល់ដើមសតវត្សទី៨លើភ្នំនេះ (បើផ្អែកតាមសិលាចារឹកនៅក្នុងតួប៉មប្រាសាទសព្វថ្ងៃ) ។

លោក ស៊ុន មានជ័យ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ប្រាសាទ​នេះ​មានការ​ខូចខាត ៦០ ភាគរយ នៅ​សល់​តែ​ជញ្ជាំង ៣ ផ្ទាំង ហើយ​ដំបូល​ខូចខាត​បាក់​រលំ​អស់​ហើយ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ប្រាសាទ​ភ្នំក្អែកពង មានទីតាំង​ស្ថិត​ក្នុង​មូលដ្ឋាន​បញ្ជាការដ្ឋានហ្វឹកហ្វឺនកងរថក្រោះ (ACO) នៅ​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ ដូច្នេះ​ហើយ​ទើប​មាន​ការ​ពិបាក​សម្រាប់​ភ្ញៀវ​ទេសចរ​ចេញចូល​ទៅ​ទស្សនា៕

អត្ថបទទាក់ទង