កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ក្នុងពិធីបើកសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំង សមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត ។
ថ្លែងនៅក្នុងពិធីសន្និបាតនោះដែរ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍លើកឡើងថា សន្និបាតនៅពេលនេះ ពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារសំខាន់សម្រាប់យើងទាំងអស់គ្នា ធ្វើការវាយតម្លៃអំពីលទ្ធផលការងារដែល រដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងសម្រេចបាននិងរួមគ្នាធ្វើការ ពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈម ដែលនៅសេសសល់សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅ ការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានាក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ។
ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ី សំណាង តាមរយៈអង្គសន្និបាតនេះ នឹងធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដែលក្រុមការងារបានរៀបចំរួចជាស្រេច ជូនដល់សមាជិកសមាជិកា នៃអង្គសនិ្នបាត ដូច្នេះ សូមសមាជិកសមាជិកាទាំងអស់ ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួមពិភាក្សាឲ្យបានផុសផុល អំពីសមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្ដល់បទពិសោធន៍ល្អៗ អង្គសន្និបាតនេះក៏មានការធ្វើបទបង្ហាញ បទអន្តរាគមន៍ ពីបណ្តាមន្ទីរ អង្គភាព ក្នុងខេត្ត ដែលផ្តោតសំខាន់លើការងារអនុវត្តកន្លងមក ការផ្តល់សេវា បញ្ហាប្រឈមនានា ដំណោះស្រាយ និងការងារដែលត្រូវអនុវត្តបន្តផងដែរ ៕