នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្ដីសុខ ដើម្បីរៀបចំកំពង់ស្ពឺសង្រ្កាន្តវិមានសម្ដេចព្រះសង្ឃរាជ ជួន ណាត នាពេលខាងមុខនេះ ដែលរៀបចំធ្វើនៅប្រាសាទព្រះនរាយណ៍(លោកតារាជ្យ) ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងធ្វើការរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២២ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ ខាងមុខនេះ ដោយក្នុងនោះពិធីសង្រាន្តឆ្នាំថ្មី ឆ្នាំ២០២២ នឹងប្រព្រឹត្តចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅវិមានសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលមានការលេងល្បែងប្រជាប្រិយចម្រុះ ការបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈបុរាណ ប្រជាប្រិយ ការរាំកំសាន្តចង្វាក់ប្រពៃណីជាតិ ការទាញព្រ័ត្រយក្ស ការកម្សាន្តតំបន់ត្រជាក់ចិត្ត ទស្សនាដងដោយយក្ស និងត្រុដិយក្ស និងការប្រគំតន្ត្រីសម័យចម្រុះ៕