រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យចំរើនព្រះជន្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម៦៩ យាងចូល៧០ ព្រះវស្សា

  • 375
  • ដោយ Admin

កំពង់ស្ពឺ ៖នាសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យចំរើនព្រះជន្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុង​គម្រប់ព្រះជន្ម៦៩ យាងចូល៧០ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នកគ្រូ និងមន្ទីរអង្គភាពជុំវិញខេត្ត ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអានសារថ្វាយព្រះពរដល់ព្រះអង្គថា៖ ក្នុងឱកាសថ្ងៃចំរើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះជន្មគម្រប់៦៩ យាងចូល៧០ ព្រះវស្សា ដែលបានប្រារព្ធឡើងនៅរសៀលនេះថា ទូលបង្គំជាខ្ញុំក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ស្ពឺ មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុត នៃទិវាប្រារព្ធពិធីចម្រើនព្រះជន្មរបស់ព្រះករុណា​ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។

ក្នុងទិវាដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេបួងសួងគុណបុណ្យព្រះរតនត្រ័យ គុណ​កែវបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបរមកោដ្ឋ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់រក្សា និងអភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះមហាក្សត្រជាតិខ្មែរ
ជានិច្ចនិរន្តរ៍តទៅ។

អត្ថបទទាក់ទង