រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤

  • 47
  • ដោយ soahak

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ឆ្នាំ២០២៤ នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ ពិធីនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ កងកម្លាំងទាំង៣ ប្រធានសមាគមក្រុមប្រឹក្សាខេត្ត តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងអង្គការជាតិ និងអន្តរជាតិក្នុងខេត្ត តំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងខេត្ត នាយក នាយករង និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ពិសេសការចូលរួមចំណែក របស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឱ្យរដ្ឋបាលខេត្ត សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។

មានប្រសាសន៍ក្នុងពិធីនារសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តថ្មីដែលទើបទទួលបានភារកិច្ចថ្មីទាំង២៥រូប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើរ ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តថា “ក្នុងនាមជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត ទោះបីមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែក្រុមប្រឹក្សាទាំងអស់ គឺសុទ្ធតែជាអ្នកខេត្តកំពង់ស្ពឺ តំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវខិតខំរួមគ្នាដើម្បីផល ប្រយោជន៍ និងភាពរីកចម្រើនសម្រាប់ខេត្ត និងជាពិសេសប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូល។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមដែរថា “ពិតណាស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោត ទោះដោយផ្ទាល់ក្តី ឬមិនផ្ទាល់ក្តី គឺជាផ្នែកមួយនៃអង្គនីតិប្រតិបត្តិ និង មានស្វ័យភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការអនុវត្តការងារ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំង អស់ឱ្យបានស្មើៗគ្នា មានតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិន ត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះផ្តល់អនុសាសន៍ជាច្រើនចំណុចជូនក្រុមប្រឹក្សាខេត្តថ្មី ក៏ដូចជាមន្ត្រីមូលដ្ឋានដែលបានចូលរួមក្នុងកម្មវិធីទាំងអស់ ពិសេសត្រូវធ្វើយ៉ាងណាបង្កើននូវអភិបាលកិច្ចល្អ រួមជាមួយនឹងការបន្តផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

អត្ថបទទាក់ទង